ប្រទេសខ្មែរយើងពីដើមគឺចាប់ពីត្រឹមសម័យនគរធំឡើងទៅ (មុនសម័យក្រុងនគរធំ) ជនជាតិខ្មែរយើងនិយមប្រើ ចន្ទគតិ ជាសំខាន់ ទើបកំណត់លេខរៀងយកខែមិគសិរ ជាខែទី១នៃការចូលឆ្នាំថ្មី រីឯខែកត្តិក ជាខែ១២នៃការបញ្ចប់ឆ្នាំ ។ ការចូលឆ្នាំខែមិគសិរនេះក៏មានចែងសេចក្ដីកត់ហេតុរបស់ អ្នកប្រាជ្ញចិនម្នាក់ឈ្មោះ ជីវ តាក្វាន់ ដែលបានមកស្រុកខ្មែរនាគ្រិស្តសករាជ១២៩៥នោះដែរ ។ លុះក្រោយមក ប្រហែលពីពេលក្រោយដែលចាប់ផ្ដើមប្រើចុល្លសករាជមក ទើបខ្មែរយើងនិយមប្រើ សុរិយគតិ ជាសំខាន់វិញ ហើយបានកំណត់ចូលឆ្នាំនៅខែចេត្រ ជាដើមឆ្នាំជាប់រហូតមកតាមកំណត់ព្រះអាទិត្យចរចូលកាន់មេសារាសី ក្នុងរដូវក្ដៅ ជារៀងរាល់ឆ្នាំជាប់រហូតមកដល់សព្វថ្ងៃនេះ ។ ថ្ងៃចូលឆ្នាំថ្មីរមែងចំនឹងថ្ងៃទី១៣ ខែមេសាជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែយូរៗម្ដងប៉ះចំថ្ងៃទី១៤ ខែមេសាដែរ ។មហាសង្ក្រាន្តដែលប្រើគន់គូរតាមសុរិយគតិ មានឈ្មោះថា សាមញ្ញសង្ក្រាន្ត គឺព្រះអាទិត្យដើរចំត្រង់ពីលើក្បាលជាសង្ក្រាន្ត ។ រីឯមហាសង្ក្រាន្តដែលប្រើគន់គូរតាមចន្ទគតិ ឈ្មោះថា អាយន្តសង្ក្រាន្ត គឺព្រះអាទិត្យដើរបញ្ឆៀង មិនចំពីលើក្បាល ។ គេនៅប្រើចន្ទគតិអែបជាប់នឹងសុរិយគតិមិនអាចលប់ចោលបាន ព្រោះចន្ទគតិមានជាប់ទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិជាដើម ។ កាលណាព្រះចន្ទ និងព្រះអាទិត្យដើរឃ្លាតឆ្ងាយពីគ្នាល្មមបូកគ្នាទៅបានមួយខែ ត្រូវគិតតាមសុរិយាត្រា គឺគិតបន្ថែម១ខែទៅក្នុងចន្ទគតិ ដើម្បីឲ្យស្មើនឹងថ្ងៃក្នុងសុរិយគតិ ដែលហៅថា «លើកអធិកមាស» គឺបន្ថែមមួយខែទៅក្នុងចន្ទគតិដើម្បីឲ្យទៅជាមួយឆ្នាំមាន១៣ ខែ ។ ដូច្នេះការចូលឆ្នាំតាមចន្ទគតិមិនទៀងថាចូលថ្ងៃណាពិតប្រាកដទេ ជួនក៏ចូលក្នុងវេលាខ្នើតជួនក៏ចូលក្នុងវេលារនោច ក្នុងរវាងមួយខែ គឺមិនមុនថ្ងៃ៤កើតខែចេត្រ និងក៏មិនក្រោយថ្ងៃ៤កើតខែពិសាខ ។ ហេតុនេះហើយបានជាសង្ក្រាន្តខ្លះត្រូវលើកអធិកមាសដល់ខែពិសាខ ។
បុណ្យចូលឆ្នាំថ្មីជាបុណ្យមានសារៈសំខាន់គួរ ឲ្យសប្បាយរីករាយ និងគួរឲ្យចាប់ចិត្តជាងគេក្នុងមួយឆ្នាំ ។ ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ចំណាយប្រាក់កាស ទិញរបស់របរពោរពាសដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឲ្យបាន ត្រឹមត្រូវ ។ គេបោសសម្អាតគេហដ្ឋានយ៉ាងស្អាត ។ តាក់តែងផ្កាភ្ញីចម្រុះពណ្ណនៅក្នុងគេហដ្ឋាន និងតាមបង្អួចហាងទាំងឡាយ ។
ក្នុងមហាសំការសូត្រ មានរឿងសំខាន់មួយទាក់ទងនឹងបុណ្យចូលឆ្នាំថ្មី ឬបុណ្យមហាសង្ក្រាន្តនេះថា ៖
«ក្នុងកាលដើមនៃភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះ ធម្មបាល
ជាបុត្រសេដ្ឋី រស់នៅក្នុងភូមិមួយ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស
(បញ្ញាឯក) មានចិត្តសប្បុរស
រៀនចេះចប់ត្រៃវេទតាំងពីអាយុបាន៧ឆ្នាំ ។
សេដ្ឋីបិតាសាងប្រាសាទឲ្យនៅទៀបនឹងដើមជ្រៃមួយធំ
ប្របឆ្នេរទន្លេដែលជាទីអាស្រ័យនៅនៃបក្សាបក្សីទាំងឡាយ ។
ធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សាបក្សីទាំងពួងផង
និងអាចដឹងនូវសំឡេងឃ្មុំ ។
លុះក្រោយមកក៏បានក្លាយជាអាចារ្យសម្ដែងមង្គលផ្សេងៗដល់មនុស្ស
ទាំងពួង ។ ប្រជាពលរដ្ឋនាំគ្នាគោរពបូជា និងសរសើរចំពោះកុមារនោះ
រួចហើយកិត្តិសព្ទរបស់កុមារក៏បានល្បីសុះសាយ
រហូតឮទៅដល់ជនចម្លែកម្នាក់ទៀត
ដែលជាអាទិទេពដ៏មានឫទ្ធិអំណាចខ្លាំងពូកែនៅឯឋានសួគ៌ ។ គ្រានោះ
មនុស្សលោករមែងគោរពដល់ កបិលមហាព្រហ្ម មួយអង្គទៀត
ចាត់ទុកជាអ្នកពូកែសម្ដែងនូវមង្គលផ្សេងៗដល់មនុស្សទាំងពួង ។ កបិលមហាព្រហ្ម
គឺជាអាទិទេពមានព្រះភ័ក្ត្របួន
ដែលអាចមើលឃើញទិសទាំងបួនក្នុងពេលតែមួយ
និងជាអាទិទេពមានតុច្ឆភាព ឬជាស្ដេចសូរ្យគ្រាស ។
ព្រះអង្គមិនអាចទប់ព្រះទ័យបានកាលបើទ្រង់ជ្រាបថា
មាននរណាម្នាក់មានប្រាជ្ញាវៃឆ្លាត
និងមានចិត្តសប្បុរសដែលគេគោរពរាប់អានច្រើន ។ ទោះបីជាយ៉ាងណា
ក៏ព្រះអង្គបានជ្រាបច្បាស់ថា
ប្រជាពលរដ្ឋទាំងនោះចាប់ផ្ដើមជឿលើធម្មបាលកុមារកាន់តែច្រើនឡើងលើស
ពីព្រះអង្គ ។ រឿងនេះធ្វើឲ្យព្រះអង្គមិនសព្វព្រះទ័យទាល់តែសោះ
និងមិនអាចអនុគ្រោះបានសោះឡើយ ។ ថ្ងៃមួយ កបិលមហាព្រហ្ម
យាងចុះអំពីស្ថានសួគ៌ ហើយភ្នាល់ជាមួយធម្មបាលកុមារ
ឲ្យឆ្លើយនូវប្រស្នា៣យ៉ាងរបស់ព្រះអង្គគឺៈ ១.
តើសិរីសួស្តីរបស់មនុស្សពេលព្រឹកស្ថិតនៅកន្លែងណា ? ២.
តើសិរីសួស្តីរបស់មនុស្សពេលថ្ងៃត្រង់ស្ថិតនៅកន្លែងណា ? ៣.
តើសិរីសួស្តីរបស់មនុស្សពេលល្ងាចស្ថិតនៅកន្លែងណា ? ការ
ភ្នាល់មានកម្រិតខ្ពស់ គឺថា បើធម្មបាលកុមារដោះប្រស្នាទាំងអស់រួច
កបិលមហាព្រហ្មសុខចិត្តកាត់ព្រះកេសរបស់ព្រះអង្គបូជាដល់កុមារ
និងប្រសិនជាធម្មបាលកុមារ ដោះប្រស្នាទាំង៣យ៉ាងមិនរួច
ព្រះអង្គនឹងកាត់ក្បាលធម្មបាលកុមារ
ទុកធ្វើជាជ័យភណ្ឌក្នុងជ័យជំនះរបស់ព្រះអង្គ ។
ធម្មបាលកុមារសុខចិត្តរកប្រស្នាទាំងអស់នោះ និងសុំបង្អង់៧ថ្ងៃសិន
ដើម្បីគិតនូវប្រស្នានោះ ។
ធម្មបាលកុមារចាប់ផ្ដើមរកចម្លើយប្រស្នារបស់កបិលមហាព្រហ្មនោះ ។
លុះវេលាកន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារនៅតែគិតប្រស្នានោះមិនឃើញ
និងដឹងខ្លួនថា
ព្រឹកស្អែកនេះអាត្មាអញនឹងត្រូវកំបុតក្បាលស្លាប់ដោយអាជ្ញារបស់
កបិលមហាព្រហ្ម ។ បើដូច្នោះ
គួរតែអញរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់បង់ខ្លួនឯងប្រសើរ
ជាង ។ គិតយ៉ាងនេះហើយ
ធម្មបាលកុមារក៏ចុះពីប្រាសាទទៅពួនដេកនៅក្រោមដើមត្នោតមួយ គូ ។
នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសម្បុកអាស្រ័យនៅ ។
វេលាយប់ឥន្ទ្រីញីសួរទៅឥន្ទ្រីឈ្មោលថា “ព្រឹកស្អែកនេះ យើងនឹងបានអ្វីធ្វើជាអាហារ” ។ ឥន្ទ្រីឈ្មោលឆ្លើយថា “យើងនឹងបានសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ពីព្រោះដោះប្រស្នាមិនរួច” ។ ឥន្ទ្រីញីសួរថា “តើប្រស្នានោះមានន័យដូចម្ដេចខ្លះ ?” ឥន្ទ្រីឈ្មោលប្រាប់ថា “វេលាព្រឹក សិរីស្ថិតនៅត្រង់ណា ?” ត្រូវឆ្លើយថា សិរីស្ថិតនៅលើមុខ ។ “វេលាថ្ងៃត្រង់ សិរីស្ថិតនៅត្រង់ណា ?” ត្រូវឆ្លើយថា សិរីស្ថិតនៅលើដើមទ្រូង ។ និង “វេលាល្ងាច សិរីស្ថិតនៅត្រង់ណា ?” ត្រូវឆ្លើយថា សិរីស្ថិតនៅលើជើង ។ ហេតុ
ដូច្នេះហើយបានជាមនុស្សយកទឹកមកលុបមុខ នៅពេលព្រឹក
មកលាបទ្រូងនៅពេលថ្ងៃត្រង់
និងមកលាងជើងនៅពេលល្ងាចមុនពេលចូលដំណេក ។
កាលបានស្ដាប់ឮពាក្យដូច្នេះហើយ
ធម្មបាលកុមារក៏បានត្រឡប់វិលទៅកាន់ប្រាសាទវិញ ។លុះព្រឹក
ស្អែកឡើង កបិលមហាព្រហ្មភ្នាល់ចាញ់ធម្មបាលកុមារ
ហើយក៏បង្ខំកាត់ព្រះកេសរបស់ព្រះអង្គបូជាដល់ធម្មបាលកុមារ
តាមកិច្ចសន្យា ។ ទោះបីយ៉ាងណា ក៏មុនពេលបំពេញកិច្ចនេះ
កបិលមហាព្រហ្មដ៏អភព្វ បានហៅបុត្រីទាំង៧រូប ដែលជាបាទចារិការបស់ព្រះឥន្ទមកប្រាប់ថា “ឥឡូវ
នេះ បិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ
ក៏ប៉ុន្តែបើដាក់ក្បាលនេះលើផែនដី ក៏នឹងកើតជាភ្លើង
ឆេះលោកធាតុទាំងមូល បើបោះទៅលើអាកាស
នឹងគ្មានភ្លៀងធ្លាក់អស់កាល៧ឆ្នាំ ហើយបើនឹងចោលទៅក្នុងមហាសាគរ
ក៏នឹងរីងស្ងួតហួតហែងអស់ទៅមួយរំពេច” ។
ដើម្បីចៀសវាងនូវមហន្តរាយនេះ
កបិលមហាព្រហ្មក៏បានបញ្ជាបុត្រីទាំង៧រូបរបស់ព្រះអង្គ ចែកវេនគ្នា
ទ្រព្រះកេសរបស់ព្រះអង្គដែលតម្កល់នៅលើពានមាស
ម្នាក់ៗក្នុងរយៈពេលមួយឆ្នាំ ។
ព្រះអង្គទ្រង់បញ្ជាបុត្រីច្បងឈ្មោះ ទុង្សា
យកពានមកទទួលព្រះកេសរបស់ព្រះអង្គមុនគេ
រួចហើយក៏ហែព្រះកេសនោះប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី
ទើបយកព្រះកេសនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌបមួយក្នុងមហាគុហា
គន្ធមាលីនៃភ្នំកៃលាស ដើម្បីបូជាគ្រឿងទិព្វផ្សេងៗ ។
ព្រះវិស្សកម្មទេវបុត្តក៏និមិត្តរោងមួយប្រកបដោយកែវ៧ប្រការ
ឈ្មោះថា «ភគវតីសភា»
ឲ្យជាទីប្រជុំនៃពួកទេវតាទាំងឡាយ ។ លុះគម្រប់មួយឆ្នាំ
ជាសង្ក្រាន្ត ហើយគឺនៅពេលចូលឆ្នាំថ្មីម្ដងៗ
កូនស្រីកបិលមហាព្រហ្មតែងនាំពួកទេពនិករបវរកញ្ញាទាំងមួយសែនកោដិ
ហោះទៅកាន់មហាគុហាគន្ធមាលីនៃភ្នំកៃលាសក្នុងខេត្តហេមពាន្ត
ដែលជាកន្លែងប្រតិស្ឋានព្រះសិរសារនៃកបិលមហាព្រហ្ម
តម្កល់ទុកលើពានមាសនោះ មកដង្ហែប្រទក្សិណភ្នំព្រះសុមេរុជុំចក្រវាល
តាមផ្លូវព្រះអាទិត្យចរជាគម្រប់៦០នាទី
ហើយក៏អញ្ជើញទៅតម្កល់ទុកកន្លែងដើមវិញ ។ រួចមក
ទើបប្រជុំអស់ពួកទេវបុត្រ
និងទេពធីតាទាំងឡាយមួយសែនកោដិចូលទៅស្រង់ទឹកមហាអនោត្តស្រះ
ដែលមានកំពង់៧ហូរចេញពីថ្មកែវ ដែលជាមាត់តោឧសភរាជ
យ៉ាងត្រជាក់ក្សេមក្សាន្តព្រះហឫទ័យ ។ លុះស្រង់ទឹករួចហើយ
ទើបនាំគ្នាចូលទៅសមាទាន រក្សាសីលនៅឯក្នុងធម្មសាលា
ដែលវិស្សកម្មទេវបុត្តបាននិមិត្តថ្វាយ ។
កាលបន្ទោបង់នូវអពមង្គលជ្រះស្រឡះហើយ
រាល់ព្រះអង្គបានទទួលនូវសិរីសួស្ដីជយមង្គល
វិបុលសុខជន្មវស្សាយឺនយូរ តាំងពីចូលឆ្នាំថ្មីនេះមក ។»មានរឿងមួយទៀតដំណាលថា ៖
«កាលព្រះសម្ពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយ ព្រះបាទបសេនទិកោសលបានចូលទៅបង្គំទូលសួរព្រះអង្គថា “បពិត្រ ព្រះអង្គដ៏ចម្រើន ! បើព្រះអាទិត្យចរចូលមកកាន់ទីជួបមួយជុំនៃរាសីចក្រនេះហើយ តើពួកពុទ្ធបរិស័ទត្រូវប្រតិបត្តិដូចម្ដេច ដើម្បីឲ្យបានសេចក្តីសុខ កុំឲ្យមានជំងឺតម្កាត់មកបៀតបៀន ?” ព្រះមានព្រះភាគទ្រង់ត្រាស់ថា “បពិត្រ មហារាជ ត្រូវពុទ្ធបរិស័ទកុំមានសេចក្តីប្រមាទ គឺកុំប្រមាទក្នុងអំពើទុច្ចរិត ដោយកាយ វាចា ចិត្ត គឺត្រូវប្រព្រឹត្តឲ្យល្អក្នុងកុសលកម្មបថ១០” ។» ដូច្នេះ ពាក្យថា សង្ក្រាន្ត គឺដំណើរឃ្លាតចាកទី ឈានចូលដល់ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបមួយជុំនៃរាសីចក្រ ឬក៏ដំណើរដែលដើម និងចុងរាសីចក្រជួបគ្នា ពេញគ្រប់មួយឆ្នាំ បានដល់ការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះឯង ។ ពោលគឺកំណត់យកពេលព្រះកេសរបស់កបិលមហាព្រហ្មត្រូវប្តូរដៃគ្នា កាន់ ហើយឆ្នាំក៏ប្ដូរដែរ ។ ឧទាហរណ៍ ដូចជា ឆ្នាំទៅមិញជាឆ្នាំឆ្លូវ ត្រូវប្ដូរមកឆ្នាំនេះជាឆ្នាំខាល ។
សេចក្ដីទំនាយនៅក្នុងតម្រាមហាសំការសូត្របាន និយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧រូប និងគ្រឿងអាភរណៈរបស់នាងថា ៖
បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្ដាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
បើសង្ក្រាន្តជា ថ្ងៃចន្ទ ទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្ដាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
បើសង្ក្រាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្ដាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
បើសង្ក្រាន្ត ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។
បើសង្ក្រាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។
បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿប្រដាប់បុស្សរាគ៌ម ភក្សាហារចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។
បើសង្ក្រាន្ត ថ្ងៃសៅរ៍ ទេពធីតាឈ្មោះ មហោទរាទេវី សៀត ផ្កាត្រកៀត គ្រឿងប្រដាប់និលរ័ត្ន ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។
តាមទំនៀម ទេពធីតាទាំង៧រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលតម្កល់ ក្បាលកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្ដែងកិរិយាតាមបែបបទផ្សេងៗ ដូចជា គេលេងសៀក ។ ប៉ុន្តែ គេបានកំណត់យកតាមពេលហែចេញយ៉ាងដូច្នេះ ៖
ពីពេលព្រលឹមដល់ថ្ងៃត្រង់ៈ ជិះឈរលើខ្នងពាហនៈ មិនបាច់កាន់បង្ហៀរ ឬខ្សែទេ ។
ពីថ្ងៃត្រង់ដល់ព្រលប់ៈ ជិះអង្គុយពាក់ឆៀង ។
ពីព្រលប់ដល់កណ្ដាលអាធ្រាត្រៈ ជិះដេកបើកភ្នែក ។
ពីពាក់កណ្ដាលអាធ្រាត្រដល់ភ្លឺៈ ជិះដេកធ្មេចភ្នែក ។
បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល៣ថ្ងៃ ក្នុងខែចេត្រ ត្រូវនឹងថ្ងៃទី១៣-១៤ និង១៥ (ឬ១៤‑១៥ និង១៦) ខែមេសា មានដូចតទៅនេះ ៖
ថ្ងៃទី១: ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។
ថ្ងៃទី២: ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។
ថ្ងៃទី៣: ហៅថា ថ្ងៃឡើងស័ក ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។
ថ្ងៃចូលឆ្នាំដំបូង ឬថ្ងៃមហាសង្ក្រាន្ត
ក្នុងថ្ងៃចូលឆ្នាំដំបូង ឬថ្ងៃមហាសង្ក្រាន្ត នៅតាមគេហដ្ឋាននីមួយៗ សមាជិកគ្រួសារម្នាក់ស្លៀកពាក់ស្អាតបាត មកអង្គុយជួបជុំគ្នានៅមុខអាសនៈមានរៀបពលីកា រង់ចាំស្ដាប់សំឡេងស្គរពីវត្តឯនាយឲ្យសញ្ញាថា ឆ្នាំថ្មីនឹងមកដល់ឥឡូវហើយ ។ កាលឮសូរសំឡេងស្គររោទ៍រណ្ដំហើយ ពិធីក៏ចាប់ផ្ដើមប្រព្រឹត្តទៅ ។ ទាន និងធូបត្រូវបានដុតឡើង ។ សមាជិកនៃគ្រួសារម្នាក់ៗក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាបីដង និងនាំគ្នាចាប់ផ្ដើមសមស្សការថ្វាយបង្គំព្រះរតនត្រ័យ ព្រមទាំងនាំគ្នាសូមស្វាគមន៍ចំពោះទេវតាឆ្នាំថ្មី ដែលជាអ្នកទទួលបន្ទុកថែរក្សាសុខមាលភាពមនុស្សជាតិក្នុងរយៈពេលមួយ ឆ្នាំ ។ នៅក្នុងឱកាសនោះ ម្នាក់ៗបន់សុំសេចក្ដីសុខចម្រើនគ្រប់ប្រការអំពីទេវតាឆ្នាំថ្មី ដោយយកទឹកមង្គលមកស្រោចស្រពលើក្បាល និងលើខ្លួនប្រាណ តាមជំនឿរបស់ខ្លួន ។ គ្រួសារនីមួយៗនាំកូនចៅ និងយកម្ហូបអាហារដែលបានតាក់តែងរួចហើយនោះទៅប្រគេនព្រះសង្ឃនៅឯ វត្ត ក្នុងវេលាមុនថ្ងៃត្រង់ និងស្ដាប់ព្រះសង្ឃសូត្រមន្តបង្សុកូល ។ គេអាចដឹងនូវឈ្មោះទេវតា គ្រឿងអលង្ការ ក្រយាស្ងោយ វត្ថុដែលព្រះអង្គកាន់ ព្រះរាជទីនាំង សេចក្ដីសុខទុក្ខ ឫក្ស ឬកាលបរិច្ឆេទ ដែលទេវតាឆ្នាំថ្មីចុះមកទទួលវេនអំពីទេវតាឆ្នាំចាស់ កាលបរិច្ឆេទផ្លាស់សករាជថ្មី អាកាសធាតុ និងផលិតផលកសិកម្ម គន់គូរតាមក្បួនមហាសង្ក្រាន្តបែបបូរាណ ។ ឧទាហរណ៍ ឆ្នាំថ្មីនេះជាឆ្នាំខាល សំរឹទ្ធិស័ក ព.ស ២៥៥៤ ទេវតាឆ្នាំថ្មីជាទេពធីតាឈ្មោះ មណ្ឌាទេវី គង់នៅឋានចាតុម្មហារាជិកា សៀតផ្កាចំប៉ានៅព្រះការណ៌ ទ្រង់អម្ពរពណ៌អន ប្រដាប់ដោយពិទូរ្យ សោយទឹកដោះជាអាហារ ព្រហស្ថស្ដាំទ្រង់ម្ជុល ឆ្វេងឈើច្រត់ និងគង់លើខ្នងលាជារាជទីនាំង ។ ចូលឆ្នាំថ្មីនៅថ្ងៃពុធ ១កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១០ វេលាម៉ោង៧ និង៣៦នាទីព្រឹក ។ ផ្លាស់សករាជថ្មី នៅថ្ងៃសៅរ៍ ៤កើត ខែពិសាខត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ វេលាម៉ោង១១ និង១៨នាទី ៣៦វិនាទីព្រឹក ។
ថ្ងៃទី២ ថ្ងៃវារៈវ័នបត
ក្នុងថ្ងៃទី២ ថ្ងៃវ័នបត ម្នាក់ៗភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសម្លៀកបំពាក់ថ្មីថ្មោង និងចំណីអាហារយកទៅជូនដល់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ ។ ការធ្វើរបៀបនេះ បង្ហាញឲ្យឃើញនូវការគោរព និងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ ។ គ្រួសារបរិច្ចាគលុយកាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការី ជន ។ ក្នុងថ្ងៃទី២នេះ ពុទ្ធបរិស័ទនិយមធ្វើពិធីពូនភ្នំខ្សាច់ ។ គេពូនភ្នំធំមួយចំកណ្ដាល និងភ្នំតូចៗបួនសង្ខាង ធ្វើរាជវ័តិព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស ដែលហៅថា «វាលុកចេតិយ» ។ វាលុកចេតិយ គឺជាតំណាង ចូឡាមណីចេតិយ ជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមោលី (ព្រះកេសធាតុ) និងព្រះទាឋាធាតុ (ព្រះចង្កូមកែវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៅឯឋានត្រៃត្រិង្ស ដោយសម្គាល់ថា បានផលានិសង្សច្រើនផង បានរួចរំដោះអំពីគ្រោះចង្រៃក្នុងឆ្នាំចាស់ចេញស្រឡះផង និងបានទទួលសិរីសួស្ដីក្នុងឆ្នាំថ្មីជារៀងរហូតទៅផង ។ មានមតិត្រឹមត្រូវមួយដែលអាចនឹងកើតជាបុណ្យកុសលថា ភ្នំធំនៅចំកណ្ដាលនោះ គឺជាតំណាងព្រះសក្យមុនីចេតិយ ជាទីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះអង្គ រីឯភ្នំតូច៤ទៀត ជាតំណាងចេតិយបញ្ចុះអដ្ឋិធាតុរបស់ព្រះសារីបុត្រ ព្រះមោគលាន ព្រះអានន្ទ និងព្រះមហាកស្សប ដែលជាសាវកសំខាន់ៗរបស់ព្រះអង្គ សុទ្ធសឹងជាព្រះអរហន្តមានគុណធម៌ខ្ពស់ កម្ចាត់អំពើបាបរួចអស់ហើយ ។ ម្យ៉ាងទៀត ខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់មួយគ្រាប់ៗដែលចាក់ពូននោះ អាចផ្ដល់អានិសង្សដល់អ្នកដែលបានពូននោះឲ្យបានរួចរំដោះនូវបាប គ្រោះ និងកម្មពៀរវេរាទាំងពួងទៀតផង ។
មហាសំការសូត្រ ក៏បានបញ្ជាក់អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា ៖
«ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទបសេនទិកោសល បានចូលទៅទូលសួរព្រះដ៏មានព្រះភាគថា “មុន ពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្តចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ ?” ។ ព្រះដ៏មានព្រះភាគត្រាស់ថា “បពិត្រ មហារាជ ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬទន្លេហើយនាំយកគ្រឿងសក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញី ជាដើម មកបូជាថ្វាយចុះ” ។ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិសង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាងដូច្នេះថា “ពាលុក ចេតិយំ កត្វា យេ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា សទ្ធាយ ច អានិសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ ផលំ” ។ ប្រែថា “នរ នារីណាដែលបានសាងវាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿងលាប ជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែងទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ ។ នេះជាផលអានិសង្សនៃការសាងវាលុកចេតិយ” ។»
ថ្ងៃទីបី ថ្ងៃវារៈឡើងស័ក
ក្នុងថ្ងៃទីបី ថ្ងៃឡើងស័ក កម្មវិធីបុណ្យមានសារសំខាន់ជាងថ្ងៃដទៃទៀត ។ វេលាព្រឹក ពុទ្ធបរិស័ទនិមន្តព្រះសង្ឃបង្សុកូលឆ្លងភ្នំខ្សាច់វាលុកចេតិយ ។ វេលារសៀល មានការស្រង់ព្រះពុទ្ធបដិមា ព្រះសង្ឃ និងមាតាបិតា ឬជីដូនជីតា ។ ការងូតទឹកជម្រះកាយជូនចំពោះមាតាបិតា ឬជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុការ និងដំបូន្មានល្អ ៗ សម្រាប់អប់រំខ្លួនតទៅអនាគត ។ រីឯការស្រង់ព្រះពុទ្ធបដិមា ជានិមិត្តរូបថា ទឹក គឺជាសេចក្ដីត្រូវការចាំបាច់ចំពោះរុក្ខជាតិ និងជីវិតសព្វសត្វ ។
មហាសំការសូត្រ ក្នុងគម្ពីរសុត្តន្តជាតកបញ្ជាក់ពីអានិសង្សនៃការស្រង់ទឹកព្រះសង្ឃ និងមាតាបិតាថា ៖
«កាលថ្ងៃសង្ក្រាន្តចូលមក ជិតដល់ ព្រះបាទបសេនទិកោសលបានរៀបចំបារាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ រួចហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃស្រង់ទឹក ដោយមានសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ និងព្រះសង្ឃទាំងអស់ក្នុងទីនោះផង ។»
គម្ពីរដដែលបញ្ជាក់ថា អ្នកណាបានស្រង់ទឹកព្រះសង្ឃ មាតាបិតា និងគ្រូឧបជ្ឈាយ៍ បានទទួលអានិសង្សច្រើនណាស់ ។ លុះដល់អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកឋាន និងបានជាស្ដេចចក្រពត្តិ មានបុណ្យបារមីច្រើន មានរូបសម្បត្តិល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់បែបយ៉ាង ។
ប្រទេសខ្មែរយើងសម័យបូរាណ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ពេលចូលឆ្នាំថ្មីម្ដងៗ ពុទ្ធបរិស័ទតែងនិមន្តព្រះពុទ្ធរូបដ៏មានមហិទ្ធិឫទ្ធិ២៥អង្គ ដែលជាតំណាងនៃអាណាខែត្រនីមួយៗ ក្នុងព្រះរាជាណាចក្រកម្ពុជាមកធ្វើពិធីស្រង់ទឹកនៅប្រាសាទព្រះខ័ន (ឬប្រាសាទជ័យស្រី) រួចហើយគេដង្ហែព្រះពុទ្ធរូបគ្រប់អង្គជាក្បួនយ៉ាងមហោឡារិក គគ្រឹកគគ្រេង មុននឹងយកទៅតម្កល់ទុកនៅកន្លែងដើមវិញ ។ រាជរដ្ឋាភិបាលក៏ប្រារព្ធបុណ្យឡើងស័កក្នុងថ្ងៃទី៣នេះដែរ ដើម្បីតម្លើងឋានន្តរស័ក្តិដល់ជនស៊ីវិល និងទាហានណាដែលខំប្រឹងធ្វើការ បម្រើប្រទេសជាតិ អស់ពីសមត្ថភាព ឲ្យឡើងកាន់តំណែង ក្រសួង និងឋានៈខ្ពង់ខ្ពស់ ។ រាជរដ្ឋាភិបាលប្រកាន់យកព្រះពុទ្ធសាសនាថេរវាទថាជាសាសនារបស់ រដ្ឋ ។ ព្រះពុទ្ធទ្រង់ជ្រើសរើសផ្លូវសន្តោស យោគយល់និងសេចក្ដីស្រឡាញ់ ដើម្បីបញ្ឈប់នូវសេចក្ដីលោភៈ ទោសៈ និងមោហៈ ហេតុដូច្នេះហើយបានជាអ្នកទោសទាំងឡាយ ត្រូវបានបន្ថយទោស ឬដោះលែងឲ្យរួចខ្លួន មានសិទ្ធិសេរីភាពឡើងវិញ ។
ឱកាសបុណ្យចូលឆ្នាំទាំងបីថ្ងៃនេះ វេលាព្រឹក ពុទ្ធបរិស័ទនាំគ្នាទៅកាន់ទីវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ សមាទានសីល៥ ពូនភ្នំខ្សាច់ និងនិមន្តព្រះសង្ឃបង្សុកូលឆ្លងភ្នំខ្សាច់នោះ ដើម្បីឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធ ជូនបុព្វការីជន ។ វេលារសៀល មនុស្សប្រុសស្រីនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយ ដូចជា នាំគ្នាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ ។ គេនាំគ្នាច្រៀង និងប្រឡែងគ្នាលេង សម្ដែងរបាំប្រជាប្រិយ ។ល។ មិត្តភក្ដិសើចក្អាកក្អាយ សត្រូវក្លាយជាមិត្ត និងបំភ្លេចនូរឿងអាស្រូវចាស់ចោល ។ គេធ្វើដំណើរកាត់ពីភូមិមួយទៅភូមិមួយ ពីវត្តមួយទៅវត្តមួយ ដើម្បីជួបជាមួយមនុស្សដទៃ ហើយលេងល្បែងប្រជាប្រិយ កំសាន្តសប្បាយទាំងអស់គ្នា ។ អ្នកខ្លះនាំគ្នាទស្សនាប្រាង្គប្រាសាទ ដែលជាបូជនីយដ្ឋាន ព្រៃភ្នំជ្រោះជ្រលងដងអូរ បឹងបួរ ឬមាត់សមុទ្រ ជាដើម ។ ការលេងល្បែងស៊ីសងមិនមែនជាទំនៀមទម្លាប់របស់ខ្មែរយើងទេ ក៏ប៉ុន្តែជាអាវុធសម្រាប់បំផ្លាញសុភមង្គលគ្រួសារ និងសង្គមខ្មែរទៅវិញ ។
ត្រណម
ត្រណមត្រូវអនុវត្តយ៉ាងតឹងរឹង ក្នុងពេលបុណ្យចូលឆ្នាំថ្មី៣ថ្ងៃនេះ ។ ពាក្យកំហឹង ឥរិយាបថច្រងេងច្រងាង និងការវាយតប់គ្នា ត្រូវតែហាមឃាត់ជាដាច់ខាត ។ ម្នាក់ៗត្រូវប្រយ័ត្នក្នុងការជេរប្រទេចសត្វទោះបីជាសត្វចិញ្ចឹម មានជ្រូក គោ ក្របី សេះ ដំរី ឆ្កែ ឆ្មា និងសត្វធាតុដទៃទៀតក៏ដោយ ។ ត្រូវឲ្យទឹក ដុសលាងឲ្យបានស្អាតបាត បំប៉នចំណីអាហារ និងក្នុងករណីខ្លះ សត្វខ្លះត្រូវដោះលែងឲ្យមានសេរីភាពទៀតផង ។ មានសារៈមួយបង្កប់ក្នុងរឿងមិនធម្មតានេះ ។ មុខទាំង៤របស់កបិលមហាព្រហ្ម គឺជានិមិត្តរូបនៃព្រហ្មវិហារធម៌ទាំង៤ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មាន គឺ មេត្តា១ ករុណា១ មុទិតា១ ឧបេក្ខា១ ។ ព្រហ្មវិហារធម៌ គឺគុណសម្បត្តិខាងផ្លូវចិត្ត មានសារៈប្រយោជន៍សម្រាប់សហវិជ្ឈមានសន្តិភាព និងសហប្រតិបត្តិការក្នុងសង្គម ។ ប្រសិនបើមនុស្សគ្រប់រូបមិនប្រព្រឹត្តតាមព្រហ្មវិហារធម៌ទាំង៤នេះ ហើយបោះបង់ធម៌ទាំងនោះចោល បញ្ហាស្មុគស្មាញក្នុងសង្គម នឹងកើតមានឡើងពុំខានឡើយ ។ ដូច្នេះម្នាក់ៗ ត្រូវមានព្រហ្មវិហារធម៌ប្រចាំកាយ ប្រតិបត្តិចំពោះព្រះកេសរបស់កបិលមហាព្រហ្មដោយប្រុងប្រយ័ត្ន យ៉ាងណាប្រព្រឹត្តចំពោះព្រហ្មវិហារធម៌ឲ្យដូចជាយ៉ាងនោះឯង ។
បុណ្យចូលឆ្នាំខ្មែរមានគោលបំណងច្បាស់លាស់មួយ ដែលមានផ្លាស់ប្ដូរតាំងអំពីបូរាណកាល (ក្រុងនគរធំ) រហូតមកដល់សព្វថ្ងៃនេះ គឺ ៖
- កសាងជីវភាពផ្ទាល់ខ្លួន និងសង្គមថ្មី ព្រមទាំងបំភ្លេចនូវរឿងរាវអពមង្គលក្នុងឆ្នាំចាស់ចោល ។
- អបអរចំពោះធម្មជាតិ និងផលិតផលកសិកម្ម ក្នុងក្ដីសង្ឃឹមថា ឆ្នាំក្រោយភោគផលនឹងបានបរិបូណ៌ ។
- សម្ដែងនូវកតញ្ញូតាធម៌ចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយជាដើម ។
- អបអរសាទរចំពោះកេរ្តិ៍តំណែលអមតរបស់បុព្វការីជន ។
- គោរពវិញ្ញាណក្ខន្ធនៃវីរបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ។
- ទំនុកបម្រុង និងរក្សាព្រះពុទ្ធសាសនា អស់កាលដ៏យូរអង្វែង ។
- បណ្ដុះព្រហ្មវិហារធម៌ និងសាមគ្គីធម៌ក្នុងដួងចិត្តខ្មែរយើងគ្រប់ៗរូប ។
ថ្ងៃទី៤
នៅថ្ងៃទី៤ ប្រជាពលរដ្ឋគ្រប់រូប ត្រឡប់ទៅប្រកបមុខការប្រចាំជីវិតរៀងៗខ្លួនវិញ អស់មានកង្វល់អ្វីទៀតឡើយ ។ ទោះបីជាយ៉ាងណាក៏បុណ្យចូលឆ្នាំថ្មីមិនទាន់កន្លងផុតទាំងស្រុងដែរ ថ្ងៃបុណ្យនៅតែបន្តជាវិសាមញ្ញនៅក្នុងចំណោមមនុស្សជាច្រើន ទាល់តែគេចំណាយអស់ប្រាក់បម្រុងទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះ ។ នៅតំបន់ខ្លះ ជាពិសេស ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប គេសប្បាយរីករាយប្រារព្ធបុណ្យក្នុងរយៈពេល១ខែពេញ (២សប្ដាហ៍មុននឹងក្រោយថ្ងៃចូលឆ្នាំ) ៕
ដកស្រង់ពីសៀវភៅ បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង១២ខែ ភាគ២ ដោយ ឆឹង ផានសុផុន ខែឧសភា ឆ្នាំ២០០០ និងប្លុករបស់ភិក្ខុសញ្ជាតវិរិយោ វ៉ាំង ថឿង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩
No comments:
Post a Comment