ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ
ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារចិន
៣. កម្ពុជាសម័យអង្គរ
ឆ. ព្រះបាទជ័យវរ្ម័នទី៧ ឬមហានគរជំនាន់ទី៣ (គ.ស១១៨១‑១២០១)
ព្រះបាទជ័យវរ្ម័នទី៧ ព្រះរាជបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី២ ព្រះអង្គបានសម្ងំរស់នៅដោយគ្មានធ្វើ ឬបញ្ចេញសកម្មភាពអ្វីទាំងអស់ ក្នុងរាជ្យព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន ។ សិលាចារឹកខ្មែរនៅប្រាសាទភិមានអាកាសបានសរសេរចារទុកមកថា ៖ «ព្រះអង្គរង់ចាំឱកាសល្អដើម្បីចេញមកស្រោចស្រង់ផែនដីដែលពោរពេញទៅ ដោយបាបកម្ម» ។ ការអត់ធ្មត់ ព្យាយាមតស៊ូ រង់ចាំរបស់ព្រះបាទជ័យវរ្ម័នទី៧មានរយៈពេលដល់ទៅ១៧ឆ្នាំ ។
១. ចលនាតស៊ូរំដោះជាតិ
កាលបើ បានដឹងថាស្ដេចជ្រែករាជ្យអស់ព្រះជន្ម ព្រះជ័យវរ្ម័នក៏ចេញមុខប្រមែប្រមូល បំបះបំបោរប្រជានុរាស្ត្រ រៀបចំចលនាតស៊ូដើម្បីរំដោះជាតិមាតុភូមិពីកណ្ដាប់ដៃខ្មាំង គឺនគរចម្ប៉ា ។ ការតស៊ូរំដោះជាតិរបស់ព្រះអង្គមានរយៈពេលយូរបង្គួរមុននឹង ព្រះអង្គសម្រេចបានបោសសម្អាតទឹកដីខ្មែរពីការកាន់កាប់ជិះជាន់របស់ អាណានិគមបរទេសចម្ប៉ា ។
សង្គ្រាមវាយឆ្មក់
នៅ គ្រប់ទិសទី កងទ័ពខ្មែរស្ម័គ្រចិត្តត្រូវបានប្រមូលផ្ដុំជាក្រុម ហាត់រៀនហ្វឹកហ្វឺនគ្រប់មុខវិជ្ជាសិល្ប៍សាស្ត្រ ក្បួនពិជ័យសង្គ្រាម ។ ជាពិសេសក្នុងផ្នែករបៀបដាក់រាយអន្ទាក់វាយឆ្មក់ ។
យុទ្ធសាស្ត្រ វាយឆ្មក់ត្រូវបានព្រះអង្គអនុវត្តនាឆ្នាំដំបូងដែលកងទ័ពព្រះអង្គ មិនទាន់មានកម្លាំងគ្រប់គ្រាន់នឹងវាយប្រហារសត្រូវដោយចេញ មុខ ។ ចលនាតស៊ូរំដោះជាតិរបស់ព្រះជ័យវរ្ម័នបានប្រើពេលវេលាជិត៥ឆ្នាំ មុននឹងមានលទ្ធភាពអាចប្រយុទ្ធតទល់សត្រូវចាម ។ ព្រះអង្គបានរៀបចំកសាងកងកម្លាំងទ័ពជើងទឹកមួយយ៉ាងសំខាន់ទុក សម្រាប់ទប់ទល់វាយកម្ទេចទូកចាម ។ ពីព្រោះព្រះអង្គសង្កេតឃើញ យល់ច្បាស់ថា កម្លាំង និងចំណុចខ្សោយរបស់នគរចម្ប៉ាស្ថិតនៅលើកងនាវាចរ ។ ដូច្នេះ ប្រសិនបើព្រះអង្គវាយកម្ទេចកងទ័ពទូកចាមបាន ព្រះអង្គក៏អាចយកជោគជ័យរំដោះជាតិមាតុភូមិចេញពីកណ្ដាប់ដៃខ្មាំង រួចដែរ ។
ជ័យជំនះផ្ដាច់ព្រ័ត្រលើកងទ័ពចម្ប៉ា
ដូច ការត្រះរិះគិតពិចារណាមែន ព្រះបាទជ័យវរ្ម័នបានយកជ័យជំនះលើទ័ពចាម ដោយបានធ្វើចម្បាំងចេញមុខវាយប្រយុទ្ធកម្ទេចបំផ្លាញអស់កងទ័ព នាវាចរចាម ។ ទិដ្ឋភាពចម្បាំងយ៉ាងសាហាវតាមទូកសំពៅលើទន្លេត្រូវបានសិល្បករ ខ្មែរឆ្លាក់ជាប់លើជញ្ជាំងថែវប្រាសាទបាយ័ន ។ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក៏សរសេរចារអធិប្បាយអំពី ព្រឹត្តិការណ៍ចម្បាំងប្រយុទ្ធគ្នាតាមផ្លូវទឹកលើទន្លេ និងជ័យជំនះយ៉ាងអស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ទៅលើស្ដេចចាម ដែរ ។ កងសេនាយោធាចាមជាច្រើនបាក់ទ័ពរត់ប្រសាចគ្មានទិសតំបន់ ។ ខ្លះទៀតត្រូវកងទ័ព ខ្មែរកាប់សម្លាប់ និងចាប់ធ្វើជាឈ្លើយ គឺនៅក្នុងគ.ស១១៨១ ។ ព្រះអង្គរំដោះដណ្ដើមយកមហានគរមកវិញបាន ហើយទឹកដីខ្មែរក៏បានចេញផុតរួចពីនឹមអាណានិគមនគរចម្ប៉ាក្នុង គ្រានោះដែរ ។
ព្រះអង្គបាន ប្រកាសខ្លួនជាព្រះមហាក្សត្រប្រទេសកម្ពុជា ។ ព្រះនាមព្រះអង្គជាក្សត្រគឺព្រះបាទជ័យវរ្ម័នទី៧ គឺនៅក្នុងគ.ស១១៨១ដដែល ។ ព្រះអង្គតាំងទីព្រះបរមរាជវាំងនៅព្រះរាជធានីយសោធរបុរៈដដែល ។
២. សង្គ្រាមសងសឹករបស់ស្ដេចនគរចម្ប៉ា
បរាជ័យ ដ៏សែនជូរចត់នេះមិនបានធ្វើឲ្យស្ដេចនគរចម្ប៉ាភ័យខ្លាច ឬបាក់អំណួតទេ ។ ដើម្បីលុបលាងកិត្តិយស ការអាមាសមុខ ស្ដេចចាម ព្រះជ័យឥន្ទ្រវរ្ម័នទី៤ត្រូវតែធ្វើសង្គ្រាមច្បាំងនឹងខ្មែរម្ដង ទៀត ។ ព្រះអង្គត្រូវរង់ចាំ១០ឆ្នាំ ដើម្បីមានលទ្ធភាពអាចអនុវត្តផែនការសងសឹក ។
បរាជ័យរបស់នគរចម្ប៉ា
ម្ដង នេះក៏ដូចជាលើកមុនដែរ ក្នុងគ.ស១១៩០ ស្ដេចចាមបាននាំយកសួយសារអាករទៅថ្វាយស្ដេចយួន សុំកុំឲ្យលូកដៃក្នុងរឿងខ្មែរ ។ ស្ដេចចាមលើកកងពលយោធាយ៉ាងគគ្រឹកគគ្រេងចូលវាយប្រហារនគរកម្ពុជា ដោយសង្ឃឹមថានឹងបានជ័យជំនះឈ្នះខ្មែរដូចលើកមុនទៀតជា មិនខាន ។
តែ ព្រះបាទជ័យវរ្ម័នទី៧បានបញ្ជាកងទ័ពគ្រប់ទិសទីវាយប្រហារតបតទៅ វិញយ៉ាខ្លាំងក្លាមហិមា ខ្លាំងលាន់ឮជាងរន្ទះបាញ់ទាំងប្រាំបីទិស ធ្វើឲ្យសត្រូវបែកបាក់ខ្ចាត់ខ្ចាយរត់ចោលជួរ មានស្លាប់របួសច្រើនឥតគណនា ។ ព្រះបាទជ័យវរ្ម័នទី៧មិនបង្អង់ដៃ ព្រះអង្គវាយប្រហារសម្រុកបុករុករុលចូលទៅដល់ទឹកដីនគរ ចម្ប៉ា ។ សេចក្ដីក្លាហានអង់អាចរបស់ព្រះមហាក្សត្រខ្មែរត្រូវបានសិលាចារឹក ប្រាសាទជ្រុង ក្នុងនគរធំរៀបរាប់ថា ព្រះបាទជ័យវរ្ម័នទី៧បានស្រែកបបួលហៅស្ដេចចាមជ័យឥន្ទ្រវរ្ម័នទី៤ ឲ្យឡើងជិះដំរីចេញមកច្បាំងតទល់នឹងព្រះអង្គ ឲ្យអស់ពលសេនាមើល ។ តែ ស្ដេចចាមបែរខ្នងភ័យខ្លាចញ័រមិនហ៊ានចេញមកច្បាំងមួយទល់នឹងមួយ ជាមួយនឹងព្រះអង្គទេ ។ សង្គ្រាមខ្មែរ‑ចាមម្ដងនេះមិនយូរទេ ។ ព្រះបាទជ័យវរ្ម័នទី៧ដណ្ដើមយកព្រះរាជធានីនគរចម្ប៉ា ហើយចាប់ខ្លួនស្ដេចចាមបានក្នុងគ្រានោះ ។ នគរចាមទាំងមូលក៏ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃកងទ័ពខ្មែរកាន់កាប់ ត្រួតត្រាដែរ ។
ចម្ប៉ាក្លាយជាខេត្តខ្មែរ
ជ័យជំនះ តាមផ្លូវសង្គ្រាមទៅលើនគរចម្ប៉ាក្នុងពេលនោះបានជម្រុញព្រះបាទ ជ័យវរ្ម័នទី៧ឲ្យរំលាយបញ្ចូលទឹកដីនគរចម្ប៉ាមកជាទឹកដីខ្មែរតែ មួយ ។ ព្រះអង្គបានតែងតាំងប្អូនថ្លៃព្រះអង្គជាស្ដេចសោយរាជ្យនៅ ព្រះរាជធានីវិជ័យ និងគ្រប់គ្រេងខេត្តខណ្ឌដែលនៅជិតជុំវិញនោះ ។ ចំណែកខេត្តខណ្ឌនគរចម្ប៉ាផ្សេងៗទៀត ព្រះអង្គបានដាក់ឲ្យនៅក្រោមអំណាចរបស់ស្ដេចចាមមួយអង្គព្រះនាម វិទ្យាអន្ទ ដែលធ្លាប់តែស្មោះត្រង់បម្រើព្រះអង្គដោយភក្ដីភាព ។ ស្ដេចចាមអង្គនេះធ្លាប់បានរស់នៅមហានគរ បម្រើព្រះមហាក្សត្រជាយូរមកហើយ ហើយធ្លាប់ជួយព្រះអង្គក្នុងការបង្ក្រាបក្រុមបះបោរនៅខេត្តបាត់ដំបង គឺនៅក្នុងគ.ស១១៩០ ។
តែ ក្នុងគ.ស១២០៣ ក្រោយព្រះបាទជ័យវរ្ម័នទី៧ចូលទីវង្គត ស្ដេចចាមអង្គនេះបែកគំនិតចង់រំដោះនគរចម្ប៉ា និងបង្កើតធ្វើឲ្យមានឯកភាពវិញ ដែលជាហេតុបណ្ដាលឲ្យព្រះមហាក្សត្រខ្មែរមិនទុកចិត្ត ដកអំណាច និងបុណ្យស័ក្តិ ។ ពីថ្ងៃនោះមក រហូតដល់គ.ស១២២៦ នគរចម្ប៉ាបានក្លាយទៅជាខេត្តខ្មែរ ។
សង្គ្រាម រវាងខ្មែរ និងចាមមានរយៈពេលប្រហែលជិត១០០ឆ្នាំ ។ នៅទីបំផុត នគរចម្ប៉ាត្រូវចុះទន់អន់ខ្សោយ លែងមានឥទ្ធិពលធ្វើឲ្យប្រទេសកម្ពុជាភ័យព្រួយបារម្ភទៀតហើយ ។ ទាំងនេះមិនមែនបានសេចក្ដីថានគរចម្ប៉ារលត់រលាយអស់រូបរាងនោះ ទេ ។ ចាប់ពីគ.ស១២២៧ ព្រះមហាក្សត្រខ្មែរបានអនុញ្ញាតឲ្យមានការតែងតាំងជនជាតិចាមជា ចៅហ្វាយខេត្តចម្ប៉ា ។ ឯកង្វល់ធំរបស់ចម្ប៉ាមិនមែនប្រទេសខ្មែរឡើយ ។ សត្រូវធំរបស់ចាមគឺយួន ។
នយោបាយ ទ្រឹស្ដី និងទស្សនៈវាតទឹកដីនិយមរបស់យួន ចុះមកទិសខាងត្បូងបានលេបទឹកដីចាមបន្តិចម្ដងៗ រហូតទាល់តែអស់គ្មានសេសសល់ ទាំងទំនៀមទម្លាប់ ទាំងប្រពៃណី និងទាំងភាសា ។ នៅក្នុងសតវត្សទី១៨ គេកត់សម្គាល់ឃើញថា ព្រះរាជវង្សចម្ប៉ានៅមានដែរក្រោមការគ្រប់គ្រងរបស់យួន ។ យួនបានធ្វើវៀតណាមវូបនីយកម្មលើជនជាតិចាមទាំងអស់ ។ ជនជាតិចាមដែលមិនអាចទ្រាំទ្ររបបអំណាចយួនបានៗនាំគ្នារត់គេចភៀស ខ្លួនទៅរស់នៅស្រុកជ្វា ឬកម្ពុជា ។
៣. ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧
ព្រះរាជវង្ស និងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ សិលាចារឹកនៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និងជាពិសេស ដោយសិលាចារឹកនៅប្រាសាទភិមានអាកាស ដែលចងក្រងនិពន្ធតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ។
ព្រះរាជវង្ស
បើតាម ការសិក្សាស្រាវជ្រាវរបស់លោក ហ្សក សឺដេស (George Coedès) ព្រះបាទជ័យវរ្ម័នទី៧ប្រហែលជាប្រសូត យ៉ាងយូរណាស់ក្នុងគ.ស១១២៥ ។ ព្រះមាតាព្រះអង្គព្រះនាមជ័យរាជចូឌាមណី ។ ព្រះបិតាព្រះអង្គព្រះនាមធរណិន្ទ្រវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២ ។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦ និងត្រូវជាក្មួយព្រះបាទសុរិយាវរ្ម័នទី២ ។
ដូច្នេះ យើងឃើញថា តាមរយៈម្ដាយ ព្រះអង្គជាប់ចុះមកពីព្រះរាជវង្សព្រះមហាក្សត្រខ្មែរជំនាន់មុន មហានគរ (ឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន‑ចេនឡា) ។ ហើយតាមខ្សែស្រឡាយព្រះរាជវង្សឪពុក ព្រះអង្គចុះមកពីព្រះសន្តតិវង្សមហិធរបុរៈ ។
យុវភាព
តាម រយៈសិលាចារឹកដដែល យើងបានដឹងថា កាលបិតាព្រះអង្គព្រះធរណិន្ទ្រវរ្ម័នទី២នៅសោយរាជ្យជាព្រះមហាក្សត្រ កម្ពុជា ព្រះបាទជ័យវរ្ម័នទី៧បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនា ខ្មែរទៅធវ្ើសង្គ្រាមតទល់នឹងនគរចម្ប៉ា ។ កាលនោះ ព្រះអង្គព្រះជន្មបាន២៥ព្រះវស្សា ។
បើ តាមសិលាចារឹក យើងអាចស្មានបានថា កាលនោះ ព្រអង្គមានមហេសីរួចស្រេចទៅហើយ ។ ព្រះនាមរបស់ព្រះនាងគឺ ជ័យរាជទេវី ។ ជាមួយនឹងព្រះនាង ប្រហែលជាក្នុងគ.ស១១៤៥ ព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស្រីឥន្ទ្រកុមារ ។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបែកព្រាត់ប្រាសពីប្រពន្ធកូន ដោយក្ដីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃ ពុំដែលមានល្ហែល្ហើយឡើយ ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាសនេះត្រូវបាន ព្រះនាងឥន្ទ្រទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សសេរចារវេញចងក្រងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទ ភិមានអាកាស ។
ព្រះនាងឥន្ទ្រទេវី បានរៀបរាប់អធិប្បាយថា ៖ «ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវី ប្រៀបបានទៅនឹងព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺ ព្រះរាម ។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ។ ឯស្ដេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍ ។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាងជ័យរាជទេវី បានចូលកាន់សីល កាន់ត្រណម គោរពទៅតាមក្បួនខ្នាតប្រពៃណី មិនហ៊ានធ្វេសប្រហែសសោះឡើយ ។ ព្រះនាងតែងតែខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំឲ្យព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះលើសត្រូវ ។ ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្តទុកដាក់នឹងសក់ព្រះនាងឡើយ ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្ដងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង ។ តែការឈឺចុកចាប់នេះបានធ្វើឲ្យព្រះនាងសប្បាយរំសាយទុក្ខទៅ វិញ ។ ព្រះនាងជ័យរាជទេវីនៅស្មោះត្រង់រង់ចាំការវិលត្រឡប់របស់ ព្រះជ័យវរ្ម័នជានិច្ច ។»
ជីវិតតស៊ូ ព្យាយាម រង់ចាំ
នៅ គ.ស១១៦០ ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ធជាមួយកងទ័ពនគរ ចម្ប៉ានៅមុខទីក្រុងវិជ័យ ។ គ្រានោះ ព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទីវង្គត ហើយព្រះបាទយសោវរ្ម័នទី២បានឡើងសោយរាជ្យជំនួស ។
នៅ ចំពោះមុខស្ថានការណ៍ផ្លាស់ប្ដូរនេះ ព្រះអង្គពុំបានផ្លាស់ប្ដូរចិត្តគំនិតអ្វីទាំងអស់ ។ ព្រះអង្គនៅតែបន្តធ្វើសង្គ្រាមវាយប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របម្រើព្រះមហាក្សត្រថ្មីដោយគ្មានវៀចវេរ ។ នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថា នៅព្រះរាជធានីមានមន្ត្រីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយការពារជ្រោមជ្រែង ព្រះរាជា ។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មបានកន្លងហួសផុតរួចស្រេចបាត់ទៅហើយ ។ ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គ ព្រះស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ ។ ក្នុងគ.ស១១៦៥ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ស្ដេចថ្មីព្រះនាមត្រីភុវ័នអាទិត្យបានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា ។
កាលនោះ ព្រះបាទជ័យវរ្ម័នទី៧មិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមតតាំង រាំងជលនឹងស្ដេចជ្រែករាជ្យដើម្បីដណ្ដើមយករាជបល្ល័ង្កមកវិញ ទេ ។ ព្រះអង្គនៅនឹងស្ងៀម មិនបណ្ដែតបណ្ដោយចិត្តគំនិតអារម្មណ៍ឲ្យផ្លាស់ប្ដូរហក់លោតទៅតាម មនោសញ្ចេតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវ និងការលោភលន់ខ្វះពិចារណាឡើយ ។ ព្រះអង្គបានសង្ងំរស់នៅប្រាសាទព្រះខ័នក្នុងខេត្តកំពង់ស្វាយ (ក្នុងខេត្តកំពង់ធំសព្វថ្ងៃ) យកពេលស្មឹងស្មាធិ៍ ត្រិះរិះស្រាវជ្រាវសិក្សា ពិចារណារកផ្លូវចម្រើន រង់ចាំឱកាសល្អដើម្បីដាក់ខ្លួនចូលបម្រើជាតិ ។
លទ្ធផលនៃការតស៊ូ
ព្រះបាទ ជ័យវរ្ម័នទី៧រង់ចាំអស់រយៈពេល១៧ឆ្នាំ គ.ស១១៦០‑១១៧៧ ទើបឱកាសល្អបានមកដល់ ។ ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារចូលលុកលុយប្រទេសកម្ពុជា និងការអស់ព្រះជន្មរបស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញ ឲ្យព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ ។ ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចម្ប៉ាអស់រយៈពេល៤ឆ្នាំ ទើបបានទទួលលទ្ធផលល្អ ។
នៅ គ.ស១១៨១ ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្ដាប់ដៃចាម ព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្ពុជា ហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល ។ កាលនោះ តាមការប៉ាន់ស្មាន ព្រះបាទជ័យវរ្ម័នទី៧បានព្រះជមន្មប្រហែលជាជាង៥០វស្សា ។ ចំណែកខាងព្រះអគ្គមហេសីជ័យរាជទេវីវិញ ដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរត្នត្រៃដែលបានជួយព្រះនាងតាមការ បន់ស្រន់បួងសួង ព្រះរាជទេពីបានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្ត្រ ។
ក្រោយដែល ព្រះអគ្គមហេសីជ័យរាជទេវីចូលទីវង្គត ព្រះនាងឥន្ទ្រទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧បានអភិសេកតែង តាំងជាព្រះអគ្គមហេសី ។ ព្រះនាងជាស្ត្រីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមោះមុត ឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្ត្រ មានធម៌មេត្តាសន្ដោស ហើយគោរពបូជាព្រះពុទ្ធសាសនា ។ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវីដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នតី៧សុទ្ធតែ ធ្លាប់ជួយផ្ដល់យោបល់តូចធំដល់ព្រះស្វាមីតាមព្រះពុទ្ធឱវាទ ។
ព្រះបាទ ជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរ គោរពបូជា និងមានជំនឿទៅលើព្រះពុទ្ធសាសនាផ្នែកមហាយាន ។ ព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ធតែមានជំនឿជឿ និងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ។ បុត្រព្រះអង្គព្រះនាម តមលិន្ត បានបួសជាសង្ឃ ហើយទៅបន្តការសិក្សានៅកោះសេរីលង្កា ។ បុត្រមួយទៀត ព្រះអង្គ វីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធ សាសនាលើផ្ទាំងថ្មនៅប្រាសាទព្រះខ័ន ។
កិត្យានុភាព
ព្រះបាទ ជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់ ខ្លួន ។ តែព្រះអង្គបានយកជោគជ័យនេះ ឥទ្ធិពលអំណាច ការចេះដឹង ការពិសោធន៍ និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គមកកសាងប្រទេសជាតិ ផ្ដល់នូវសេចក្ដីសុខក្សេមក្សាន្ត សន្តិភាព ចម្រើនលូតលាស់ដល់ប្រជានុរាស្ត្រ ដោយគ្មានរើសអើងវណ្ណៈ ។
ការ កសាងរបស់ព្រះអង្គមិនមែនមានតែប្រាង្គប្រាសាទធំស្កឹមស្កៃទេ ព្រះអង្គបានកសាងទំនុកបម្រុងសាសនាក៏ដូចជាក្នុងផ្នែកសង្គមជាតិ ដែរ ។
ក្នុងរជ្ជកាលព្រះអង្គ នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរក៏បានលាតសន្ធឹងធំវែងឆ្ងាយជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីភាគអាគ្នេយ៍ ។ ចក្រភពខ្មែរក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧មាន កម្ពុជា ចម្ប៉ា បច្ចុប្បន្នលាវ សៀម និងទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាឡេស៊ី ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ បានចូលទីវង្គតនៅក្នុងគ.ស១២០១ ។
៤. ការកសាង និងស្នាដៃ
ដូច ដែលយើងបានអធិប្បាយខ្លះមកហើយ ស្នាដៃ និងការកសាងរបស់ព្រះបាទជ័យវរ្ម័នទី៧មានវត្តមាននៅតាមខេត្តខណ្ឌ នានាពាសពេញទឹកដីខ្មែរ ។ គឺជាសក្ខីភាពដែលបញ្ជាក់អំពីទំហំទឹកដីពិតប្រាកដរបស់ប្រទេស កម្ពុជា ។
ការកសាង និងស្នាដៃទាំងនោះបានរៀបចំស្ថាបនាឡើងតម្រូវសម្រាប់បម្រើមជ្ឈដ្ឋាន សាសនាផង និងសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិផង ។ សមិទ្ធិរបស់ព្រះបាទជ័យវរ្ម័នទី៧មានច្រើនសម្បូណ៌ ច្បាស់លាស់ ក្បោះក្បាយដែលអាចជាជំនួយជាឯកសារមួយយ៉ាងសំខាន់ក្នុងការសិក្សា ស្រាវជ្រាវ វែកញែកអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ឫសគល់ខ្មែរ ។
ប្រាង្គប្រាសាទ
ក្នុង ប្រវត្តិសាស្ត្រខ្មែរ ព្រះបាទជ័វរ្ម័នទី៧ជាព្រះមហាក្សត្រដែលបានសង់ប្រាង្គប្រាសាទច្រើន ជាងក្សត្រឯទៀត ។ ប្រាសាទទាំងនោះច្រើនស្ថិតនៅជិត ឬក្នុងរង្វង់នគរធំថ្មីដែលព្រះអង្គទើបតែសម្រេចចិត្តកសាង ។
នគរធំ ឬមហានគរ ដែលត្រូវឆេះបាក់បែកខូចខាតអន្តរាយអស់ជាច្រើនត្រូវបានព្រះបាទ ជ័យវរ្ម័នទីរៀបចំចាត់ចែងឲ្យកសាងជាថ្មី ។ នេះជាលើកទី៣ហើយដែលមហានគរត្រូវសាងសង់ ។ នគរធំរបស់ព្រះបាទជ័យវរ្ម័នទី៧ត្រូវបានគេចាត់ទុកជាស្នាដៃឯក ប្លែកខុសពីធម្មតាដែលមាននៅក្នុងសិល្បៈខ្មែរ ។ គឺខ្មែរជំនាន់នោះបានប្រឌិតបង្កើតសិល្បៈថ្មីមួយដែលវិវត្តទៅតាម ចលនារបស់សង្គមជាតិ ។ នគរធំដែលស្ថិតនៅរៀងរហូតមកដល់សព្វថ្ងៃ ជាស្នាដៃយ៉ាងធំធេងចម្បងរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
នគរ ធំ ឬមហានគរមានជ្រុងនីមួយៗប្រវែង៣គីឡូម៉ែត្រ ហើយមានទំហំប្រហែល៩គីឡូម៉ែត្រក្រឡា ។ នគរធំមានកសិណ (គូ ឬ ប្រឡាយទឹក) ដែលមានទទឹងប្រវែង១០០ម៉ែត្រ និងជម្រៅ៥ ឬ៦ម៉ែត្រព័ទ្ធជុំវិញ ។ ដើម្បីចូលទៅក្នុងមហានគរ គេត្រូវដើរឆ្លងកាត់តាមស្ពានថ្មអមទៅដោយរូបចម្លាក់ទេវតា និងយក្ស ដែលកំពុងតែនាំគ្នាទាញនាគ ។ ទេវតា និងយក្ស ម្ខាងៗមានគ្នា៥៤នាក់ ។ បន្ទាប់មក យើងចូលមកដល់ក្លោងទ្វារមហានគរដែលនៅខាងលើមានរូប ព្រះលោកេស្វរៈ ។
ជ្រុងនគរធំ នីមួយៗមានខ្លោងទ្វារមួយនៅចំកណ្ដាលបែរទៅរកទិសទាំងបួន ។ លើកលែងតែជ្រុងខាងកើតដែលមានទ្វារពីរ គឺទ្វារជ័យមួយទៀតដែលចាក់ចំទៅរកប្រសាទភិមានអាកាស ។ តាមខ្លោងទ្វារទាំងបួនទិសមានផ្លូវបួនទៅជួបកាត់គ្នាចំកណ្ដាល ទីក្រុងនគរធំដែលនៅទីនោះព្រះបាទជ័យវរ្ម័នទី៧បានសាងប្រាសាទមួយ ដែលមានលក្ខណៈខុសប្លែកអំពីប្រាសាទមុនៗ ។ តជាប់នឹងខ្លោងទ្វារមានជញ្ជាំងថ្មយ៉ាងខ្ពស់សម្រាប់ការពារទីក្រុង ដែលគេអាចដើរយាមកាមចុះឡើងបាន ។ នៅជាប់កំពែងនោះមានប្រឡាយទឹកតូចមួយទៀតព័ទ្ធជុំវិញមហានគរ ហើយហូរភ្ជាប់ចូលទៅក្នុងស្រះធំមួយឈ្មោះ បឹងធំ ដែលមានបណ្ដោយប្រវែង៤០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ ។
ដោយ សម្អាងទៅតាមទំហំដីស្រែចម្ការនៅជិតជុំវិញដែលមានបញ្ជាក់នៅ ក្នុងសិលាចារឹក ដោយយោលទៅតាមនយោបាយទឹករបស់ព្រះមហាក្សត្រខ្មែរដែលមានចំនួនបារាយណ៍ ស្រះព្រែក និងគូជាច្រើន បូករួមទាំងប្រជាជនដែលប្រកបមុខរបរផ្សេងទៀតផង នគរធំ ឬមហានគរត្រូវមានប្រជាពលរដ្ឋប្រហែលពី៧០០.០០០ ទៅ៧៥០.០០០នាក់ ។ នេះជាការគន់គូរប៉ានស្មានរបស់អ្នកប្រវត្តិវិទូ និងអ្នកបុរាណវិទ្យា ។
តាមអ្នក ឯកទេសដែលសិក្សាអំពីបូរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែនទ្រឹស្ដីព្រះពុទ្ធសាសនា ។ ទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា នៅចំកណ្ដាលចក្រវាលមានភ្នំមួយយ៉ាងធំដែលគេឲ្យឈ្មោះ ភ្នំព្រះសុមេរុ ។ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំមានស្ថានសួគ៌បីជាន់ ។ ឯការសាងសង់នគរធំក៏មានលក្ខណៈដូចគ្នានេះដែរ ។ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាលមានប្រាសាទមួយទៀតជា តំណាងភ្នំព្រះសុមេរុ ។ ប្រាសាទនេះគឺប្រាសាទបាយ័ន ដែលខ្មែរច្រើនតែហៅ ព្រហ្មបាយ័ន ។
ប្រាសាទបាយ័ន គឺជាឈ្មោះប្រាសាទថ្មីនេះដែលព្រះអង្គបានសង់ឡើងសម្រាប់ឧទ្ទិស ថ្វាយជូនចំពោះព្រះពុទ្ធសាសនា ។ ប្រាសាទបាយ័នបែរមុខទៅទិសខាងកើត មានបណ្ដោយប្រវែង១៤០ម៉ែត្រ ទទឹង១៣០ម៉ែត្រ មានកំពូលទាំងអស់៥៤ ដូចចំនួនទេវតា និងយក្សដែលយាមនៅតាមស្ពានចូលនគរធំ ។ កំពូលកណ្ដាលដែលខ្ពស់ជាងគេមានកម្ពស់៤២ម៉ែត្រ ។ កំពូលនីមួយៗមានរូបចម្លាក់ព្រះលោកេស្វរៈព្រះភក្ត្របួនដែលខ្មែរ សាមញ្ញនិយមហៅថា ព្រះព្រហ្ម ។ ដូច្នេះលើប្រាសាទបាយ័នមានព្រះភក្ត្រលោកេស្វរៈទាំងអស់២១៦ ដែលញញឹមបែរសម្លឹងមើលទៅរកកូនចៅខ្មែរ និងត្រៀមខ្លួនប្រុងប្រយ័ត្នចាំថែរក្សាការពារនគរកម្ពុជាទប់ទល់ ប្រឆាំងនឹងខ្មាំងសត្រូវគ្រប់ទិសទី ។
លក្ខណៈ ប្រាសាទបាយ័នមួយទៀតដែលខុសប្លែកអំពីប្រាសាទជំនាន់មុនគឺស្ថិតនៅ ត្រង់សិល្បករខ្មែរបានយកទិដ្ឋភាពជីវភាពរស់នៅក្នុងសង្គមខ្មែរ សង្គ្រាមរវាងខ្មែរនឹងចាម និងទស្សនៈសាសនាមកឆ្លាក់ដាក់ផ្ទឹមក្នុងបរិវេណជាមួយគ្នា ។ តាមចម្លាក់ទាំងនោះ គេអាចឃើញនូវទំនាក់ទំនងជិតជាប់គ្នារវាងព្រះពុទ្ធ ស្ថានសួគ៌ និងលោកិយ ដែលជាទិដ្ឋភាពមួយមិនធ្លាប់មានក្នុងរូបចម្លាក់ជំនាន់ដើមដែលលើក យកតែប្រវត្តិព្រះអាទិទេព និងទេវកថាផ្សេងៗមកបកស្រាយ ។
ប្រាសាទ តាព្រហ្ម ប្រាសាទព្រះខ័ន (សៀមរាប) ប្រាសាទព្រះខ័ន (កំពង់ស្វាយ ក្នុងខេត្តកំពង់ធំ) ប្រាសាទបន្ទាយឆ្មារ (បន្ទាយមានជ័យ) ប្រាសាទបន្ទាយក្ដី ប្រាសាទតាសោម នាគព័ន្ធ ស្រះស្រង់ (នគរធំ សៀមរាប) និងប្រាសាទភិមាយ (ប្រទេសសៀម) សុទ្ធសឹងជាស្នាដៃដ៏សំខាន់ ដែលព្រះបាទជ័យវរ្ម័នទី៧បានកសាង ។ ព្រះបាទជ័យវរ្ម័នទី៧បានឧទ្ទិសប្រាង្គបាសាទទាំងនោះថ្វាយជូនទៅ មាតាបិតា ជីដូនជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និងវីរបុរសខ្មែរជាច្រើនដែលធ្លាប់មានគុណបំណាច់មកលើប្រទេស ជាតិ ។ នៅតាមប្រាសាទ គេសង្កេតឃើញព្រះបដិមា និងរូបចម្លាក់ខ្លះមានព្រះភក្ត្រមុខមាត់ដូចតួអង្គដែលគេគោរព បូជា និងរម្លឹក ។
មន្ទីរពេទ្យ ចំនួន១០២ ត្រូវបានព្រះអង្គកសាងនៅតាមខេត្តខណ្ឌនានាក្នុងព្រះរាជាណាចក្រ មាននៅលើទឹកដីប្រទេសលាវ សៀមមួយផ្នែក ទុកសម្រាប់ទំនុកបម្រុងព្យាបាលប្រជានុរាស្ត្រ ។
សិលាចារឹក ខ្មែរនៅប្រាសាទតាព្រហ្ម និងសាយហ្វុងក្នុងប្រទេសលាវបានកត់ត្រារៀបរាប់អធិប្បាយយ៉ាង ក្បោះក្បាយអំពីមន្ទីរពេទ្យទាំងនោះ ទាំងផ្នែកចាត់ចែងគ្រប់គ្រងផ្គត់ផ្គង់ ទាំងផ្នែកចំណាយ និងឈ្មោះថ្នាំសង្កូវ ។ មន្ទីរពេទ្យនីមួយៗមានគ្រូពេទ្យ និងបុគ្គលិករាជការរាប់រយនាក់ដែលមានភារៈកិច្ចជួយថែរក្សាព្យាបាល អ្នកជម្ងឺ ។ ប្រជាពលរដ្ឋខ្មែរទាំង៤វណ្ណៈមានសិទ្ធិសេរីភាពអាចមកព្យាបាលរោគ ជម្ងឺនៅទីនេះបាន ។
សិលាចារឹក ខ្មែរបានរម្លឹកអំពីទឹកចិត្ត និងទុក្ខព្រួយរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយសង្កត់យ៉ាងធ្ងន់ ថា ៖ «ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ដោយសារទុក្ខព្រួយរបស់ប្រជានុរាស្ត្រ ខ្លាំងហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់ ។ គឺទុក្ខព្រួយរបស់ប្រជារាស្ត្រដែលនាំមកនូវក្ដីឈឺចុកចាប់ដល់ ព្រះមហាក្សត្រ» ។
មន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧បានស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃខ្លះ ដែរ ។ មុនសម័យកម្ពុជាកើតមានសង្គ្រាមនាទសវត្សរ៍១៩៧០ អ្នកស្រាជ្រាវបារាំងបានរកឃើញមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ចំនួន៣៣ ក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ។ មន្ទីរពេទ្យដែលគេរកឃើញ ក្រៅអំពីនៅក្នុងស្រុកខ្មែរ មាននៅប្រទេសលាវ ប្រទេសសៀម និងយួន ។ គេសង្កេតឃើញមន្ទីរពេទ្យទាំងនោះមានទំហំ មានរូបរាងទ្រង់ទ្រាយ និងការចាត់ចែងរៀបចំដូចគ្នា ។ មិនតែប៉ុណ្ណោះ តាមទីកន្លែងនីមួយៗ គេក៏បានរៀបចំឲ្យមានព្រះពុទ្ធរូបទុកជាទីសក្ការបូជាសម្រាប់អ្នក ជម្ងឺដែរ ។
ធម្មសាលា ឬសាលាសំណាក់ ក៏ មានពាសពេញទឹកដីខ្មែរដែរ ។ ព្រះបាទជ័យវរ្ម័នទី៧បានសង់សាលាសំណាក់ទាំងអស់១២១ នៅតាមផ្លូវឆ្ងាយដែលចេញពីមហានគរទៅទីក្រុងសំខាន់ៗក្នុងនគរ ។ សិលាចារឹកខ្មែរជាច្រើនបានបញ្ជាក់បង្ហាញជាសក្ខីភាពនៃការកសាង ផ្លូវថ្នល់គមនាគមន៍ក្នុងរជ្ជកាលរបស់ព្រះអង្គ ។
សិលាចារឹកប្រាសាទព្រះខ័នបានចារឆ្លាក់ទុកមកថា ៖
- ពីព្រះរាជធានី នគរធំទៅទីក្រុងចម្ប៉ា មានធម្មសាលា៥៧ ដែលសង់ហូរហែតាមផ្លូវសម្រាប់ជាកន្លែងឈប់សំណាក់ដល់អ្នក ដំណើរ ។ ធម្មសាលានីមួយៗសុទ្ធតែមានភ្លើងសម្រាប់បំភ្លឺ
- ពីនគរធំទៅទីក្រុងភិមាយមានធម្មសាលា១៧
- ពី រាជធានីនគរធំទៅទីក្រុងជ័យវត្តី ពីជ័យវត្តីទៅទីក្រុងសុវីរបុរៈ ហើយជាបញ្ចប់ពីសុវីរបុរៈទៅព្រះរាជធានីយសោបុរៈ ឬនគរធំ ឬមហានគរ ធម្មសាលាមានចំនួន៤៤ ដោយមានភ្លើងសម្រាប់បំភ្លឺដែរ
- ធម្មសាលាមានតែមួយប៉ុណ្ណោះសម្រាប់ទីក្រុងនីមួយៗនៅស្រីសុរិយាបព៌ត ស្រីវិជ័យអាទិត្យបុរៈ និង កល្យាណសិទ្ធិក ។
ធម្មសាលាទាំងនេះ បើយើងគិតទៅតាមចម្ងាយផ្លូវសង់ចន្លោះឃ្លាតឆ្ងាយពីគ្នាពី១២គ.ម ទៅ១៨.៥០គ.ម ។
នេះ ជាសក្ខីភាពដែលបញ្ជាក់អំពីផ្លូវគមនាគមន៍ អំពីទំហំទឹកដី សកម្មភាពធ្វើដំណើរ និងធ្វើជំនួញនៅប្រទេសកម្ពុជានាសម័យសតវត្សទី១២ ។ ដូច្នេះហើយបានជាព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧បានខំ ប្រឹងកសាងបណ្ដាញសេដ្ឋកិច្ច ដើម្បីសម្រួលដល់ជីវភាពរបស់បណ្ដារាស្ត្រ ។
ធម្មសាលា ឬសាលាសំណាក់ព្រះបាទជ័យវរ្ម័នទី៧មានសល់រហូតមកដល់បច្ចុប្បន្ននៅ លើទឹកដីកម្ពុជា នៅប្រទេសលាវ សៀម និងយួន ។
៥. ទស្សនៈនយោបាយ
ព្រះបាទ ជ័យវរ្ម័នទី៧ជាព្រះមហាក្សត្រខ្មែរមួយដ៏ធំនៅក្នុង ប្រវត្តិសាស្ត្រខ្មែរ ។ ព្រះអង្គព្រមទាំងព្រះអគ្គមហេសីទាំងពីរអង្គបានធ្វើពលិកម្ម បរិច្ចាកកម្លាំងពលំ ទ្រព្យសម្បត្តិ ដើម្បីបូជាថ្វាយចំពោះប្រទេសជាតិ និងប្រជាជន ។
ព្រះអង្គបាន ធ្វើឲ្យប្រទេសកម្ពុជារួចខ្លួនចេញពីនឹមនគរចម្ប៉ា ហើយបានកសាងនគរឲ្យក្លាយទៅជាមហាអំណាចមួយនៅក្នុងភូមិភាគអាស៊ី អាគ្នេយ៍ ។ ស្នាដៃ និងកត្យនុភាពរបស់ព្រះអង្គមិនមែនកើតដោយឯង ចៃដន្យនោះទេ ។ អ្វីទាំងអស់សុទ្ធតែជាការគិតគូរ ត្រិះរិះពិចារណា ស្វែងរកដឹងរកយល់ជាការកសាងរៀបចំព្យាយាម ដាក់ទិសដៅជាគម្រោងផែនការណ៍ និងជាការកសាង ។ តាមរយៈប្រវត្តិរបស់ព្រះអង្គ យើងអាចស្គាល់ និងយល់យ៉ាងច្បាស់អំពីទឹកចិត្តស្នេហាជាតិ អំពីឧត្ដមគតិ ទ្រឹស្ដី និងទ្សនៈនយោបាយកសាងប្រទេសជាតិរបស់ព្រះអង្គ ។
ចំណោទ
នៅ ចំពោះមុខព្រឹត្តិការណ៍នគរដ៏ធំធ្ងន់ធ្ងរដែលកំពុងតែផ្លាស់ប្ដូរ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះរាជបុត្ររបស់ស្ដេចផែនដីត្រូវប្រកាន់ឥរិយាបថ ដូចម្ដេច ?
បើយោលទៅតាម ប្រវត្តិរបស់ព្រះអង្គ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ព្រះអង្គបានចោទជាសំណួរសួរខ្លួនឯងជាមុនរួចស្រេចទៅហើយ ។ សំណួរទាំងនោះមានដូចជា ៖
- តើព្រះអង្គ ត្រូវធ្វើដូចម្ដេច បើនៅពេលព្រះបិតាព្រះអង្គចូលទីវង្គត ក្សត្រមួយទៀតក្នុងព្រះញាតិវង្សមកឆក់ដណ្ដើមរាជ្យសម្បត្តិពីដៃ ព្រះអង្គ ?
- តើព្រះអង្គត្រូវប្រកាន់អាកប្បកិរិយា ដូចម្ដេចដែរនៅពេលដែលព្រះមហាក្សត្រពេញច្បាប់ត្រូវនាម៉ឺនក្បត់លប លួចធ្វើឃាត ហើយប្រកាសតាំងខ្លួនជាព្រះរាជា ?
- តើ ព្រះអង្គត្រូវសម្រេចចិត្តធ្វើអ្វីក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរដែល ព្រះមហាក្សត្រត្រូវអស់ព្រះជន្ម ហើយទឹកដីត្រូវសត្រូវបរទេសវាយប្រហារចូលលុកលុយ បំផ្លិចបំផ្លាញកាន់កាប់ត្រួតត្រាដាក់ជានគរចំណុះ ?
- តើ ព្រះអង្គត្រូវរៀបចំផែនការដូចម្ដេច ដើម្បីស្ដារកសាងប្រទេសជាតិដែលទើបតែឆ្លងផុតចេញពីភ្លើង សង្គ្រាម ? ជាពិសេសដើម្បីវាសនាអនាគតរបស់ប្រទេសជាតិ ?
ទ្រឹស្ដីព្រះបាទជ័យវរ្ម័នទី៧
ចម្លើយ របស់ព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅក្នុងឥរិយាបថ និងសកម្មភាពទាំងប៉ុន្មានរបស់ព្រះអង្គ ។ ចម្លើយទាំងនេះជាទ្រឹស្ដី និងជាគោលទស្សនៈនយោបាយធំរបស់ព្រះអង្គក្នុងការដឹកនាំ និងកសាងប្រទេសជាតិ ។ ទ្រឹស្ដីនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងអាចរកឃើញនៅតាមសិលាចារឹកផ្សេងៗដូចដែលយើងធ្លាប់បានរៀបរាប់ពី ខាងលើមកស្រាប់ ។ ទ្រឹស្ដីនយោបាយរបស់ព្រះអង្គដែលយើងអាចកត់សម្គាល់មានដូចជា ៖
- ការ គោរពច្បាប់ជាបញ្ញត្តិធំបង្អស់សម្រាប់អ្នកដឹកនាំប្រទេស ជាតិ ។ នៅពេលដែលព្រះបាទយសោវរ្ម័នទី២ត្រូវបានតែងតាំងឡើងធ្វើជាស្ដេច ព្រះបាទជ័យវរ្ម័នទី៧ មិនបានបញ្ចេញអាកប្បកិរិយាប្រឆាំងជំទាស់ទេ ។ ព្រះអង្គសុខចិត្តដាក់ខ្លួនគោរពព្រះមហាក្សត្រថ្មីដោយក្ដី ស្មោះស្ម័គ្រ ។ គឺព្រះអង្គគោរពច្បាប់បទបញ្ជាដែលនាម៉ឺនមុខមន្ត្រីទាំងអស់បាន សម្រេច ។
- និយមសន្តិភាពជៀសវាងមិនបង្កបង្កើត សង្គ្រាមក្នុងស្រុកកាប់សម្លាប់តែប្រជាជនជាតិឯង ។ ព្រះបាទជ័យវរ្ម័នទី៧ដែលជាបុត្រព្រះមហាក្សត្រ និងជាមេទ័ពមានទាហានរាប់ម៉ឺននាក់ស្ថិតនៅក្រោមបង្គាប់មានលទ្ធភាព គ្រប់យ៉ាងនឹងធ្វើសង្គ្រាមដណ្ដើមយករជ្យសម្បត្តិមកវិញ ។ តែព្រះអង្គមិនព្រមយកកម្លាំងអាវុធមកដោះស្រាយបញ្ហាផ្ទាល់ខ្លួន ទេ ។ ក្នុងឱកាសដែលនាម៉ឺនត្រីភុវ័នអាទិត្យវរ្ម័នក្បត់លួចធ្វើឃាតព្រះ យសោវរ្ម័នទី២ ព្រះអង្គមានសិទ្ធិគ្រប់បែបយ៉ាង ដោយសមស្របត្រឹមត្រូវតាមច្បាប់ក្រឹត្យវិន័យនឹងលើកទ័ពទាហានពលរេហ៍ ចេញមកកម្ចាត់ខ្មាំងជ្រែករាជ្យ ។ តែព្រះអង្គនៅស្ងៀមបែរជាទៅសម្ងំមិនបញ្ចេញសកម្មភាពអ្វីទាំង អស់ ។
- ការពារជាតិមាតុភូមិក្នុងគ្រាអាសន្នដែល សត្រូវបរទេសចូលមកឈ្លានពាន ។ គឺនៅក្នុងកាលៈទេសៈដែលស្ដេចនគរចម្ប៉ាព្រះបាទជ័យឥន្ទ្រវរ្ម័នទី៤ លើកទ័ពចូលមកវាយប្រហារកាន់កាប់ប្រទេសកម្ពុជា ព្រះមហាក្សត្រខ្មែរអស់ព្រះជន្មទៀត ទើបព្រះបាទជ័យវរ្ម័នទី៧សម្រេចចិត្តចេញមុខមករំដោះជាតិ ។
- ដើម្បី ឡើងកាន់អំណាច គេត្រូវចេះលាក់ខ្លួន អត់ធ្មត់ រង់ចាំពេលវេលា ។ គេត្រូវតែរៀបចំខ្លួនឲ្យទៅជាមនុស្សល្អប្រសើរ ជាអ្នកអាចដោះស្រាយស្រោចស្រង់ប្រទេសជាតិពីមហន្តរាយ ។ ដោយដឹងថាកម្លាំង និងមធ្យោបាយព្រះអង្គមិនគ្រប់គ្រាន់នឹងដណ្ដើមយកអំណាចបាន ជ័យវរ្ម័នទី៧បាននៅស្ងៀមយកពេលវេលាទុកសម្រាប់ត្រិះរិះពិចារណារក មាគ៌ាល្អដែលត្រូវអនុវត្តទៅថ្ងៃក្រោយ ។
- ដើម្បី យកជ័យជំនះឈ្នះលើសត្រូវដែលមានកម្លាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីវាយឆ្មក់ ឬមួយគេត្រូវទុកឲ្យសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀត រហូតទាល់តែទន់ខ្សោយ អស់កម្លាំងទើបគេធ្វើអន្តរាគមន៍ជាចុងក្រោយទៅបង្ហើយយកអំណាចតែ ម្ដង ។ ប្រហែលជាដឹងច្បាស់ថា ខ្លួនមានកម្លាំងស្ទើរមិនគ្រប់គ្រាន់ ដឹងថាស្ដេចយសោវរ្ម័នទី២មានមនុស្សចង់ធ្វើគតជាច្រើន ហើយនិងដឹងថាស្ដេចជ្រែករាជ្យត្រីភុវ័នអាទិត្យវរ្ម័ននឹងត្រូវក្រុម ផ្សេងក្បត់ប្រឆាំង ទើបបានជាព្រះបាទជ័យវរ្ម័នទី៧សុខចិត្តសំងំ រង់ចាំពេលវេលាល្អ ដូចដែលមានឆ្លាក់ចារលើសិលាចារឹក ។
- យកបញ្ហា អាយុជិវិត អនាគតរាស្ត្រធ្វើជាធំមុនអំណាច និងផលប្រយោជន៍ផ្ទាល់ ។ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវចេះយកទុក្ខព្រួយវេទនា ភាពក្រីក្រតោកយ៉ាកលំបាកលម្បិន រហេមរហាម សោកសៅរបស់ប្រជាជាជនមកធ្វើជាទុក្ខព្រួយឈឺចុកចាប់របស់ខ្លួនឯង ផ្ទាល់ ។ គេត្រូវចាត់ទុកទុក្ខរាស្ត្រជាធំ ធំជាងទុក្ខផ្ទាល់របស់ខ្លួន ។ ផ្ទុយទៅវិញ បើគេនាំគ្នាសប្បាយលើខ្នងរាស្ត្រ ហើយចាត់ទុករាស្ត្រជាវណ្ណៈទាសករចាំតែបម្រើខ្លួន ក្រុមគ្រួសារបក្សពួកខ្លួន ពេលនោះប្រទេសជាតិនឹងកើតមានអន្តរកប្បជាមិនខាន ។
- ការ ដណ្ដើមយកអំណាចជារឿងមួយ ។ ការរំដោះជាតិចេញពីនឹមអាណានិគមបរទេសជារឿងមួយ ។ ហើយការកសាងជាតិឲ្យបានស្គាល់សេចក្ដីសុខសប្បាយចម្រុងចម្រើនរុង រឿងជារឿងមួយទៀត ។ បញ្ហាទាំងបីនេះមានអត្ថន័យខុសគ្នាទាំងស្រុង ។ អ្នកដែលដណ្ដើមអំណាចបាន អ្នកដែលរំដោះជាតិបានមិនមែនពិតជាអាចកសាងជាតិរកសេចក្ដីសុខជូន រាស្ត្របានទេ ។ ត្រង់ចំណុចនេះព្រះបាទជ័យវរ្ម័នទី៧យល់ច្បាស់ណាស់ ។
ដូច្នេះ ហើយបានជាក្នុងការកសាង ស្វែងរកសេចក្ដីសុខសប្បាយ លូតលាស់ ថ្កុំថ្កើងជូនប្រជាជន និងជាតិ ព្រះបាទជ័យវរ្ម័នទី៧ បានកំណត់ទៅលើ ៖
- ការរៀបចំបញ្ហាការពារប្រទេសឲ្យបានមាំមួនដូចជាការសាងសង់កំពែងនគរធំ ។ល។
- ការរៀបចំបណ្ដាញទឹកសម្រាប់ប្រកបកសិកម្ម
- ការរៀបចំផ្លូវគមនាគមន៍ឆ្វាត់ឆ្វែងទៅគ្រប់ទិសទីដោយមានសាលាសំណាក់សម្រាប់ឈ្មួញ ឬអ្នកដំណើរ
- សេដ្ឋកិច្ចរឹងប៉ឹងខ្លាំងក្លាដែលអាចមានដំណើរដើរល្អដោយសារកត្តាខាងលើ
- ការដោះស្រាយបញ្ហាសង្គមកិច្ច ជាពិសេស បញ្ហាសុខាភិបាលដោយមានកសាងមន្ទីរពេទ្យជាដើម ។ល។
សាសនាជាឧបករណ៍នយោបាយ
តែ ព្រះបាទជ័យវរ្ម័នទី៧យល់ថា ទ្រឹស្ដី និងចម្លើយទាំងប៉ុន្មានមិនគ្រប់គ្រាន់ទេសម្រាប់ការកសាងប្រទេស ជាតិ ។ ទ្រឹស្ដីដែលវិវត្តិទៅតាមកាលវេលា គ្មានអ្វីជាស្ថិតស្ថេរ ហើយអាចរលត់រលាយ វិវត្តផ្លាស់ប្ដូរយ៉ាងងាយ ។ គ្រានោះ ជាតិមានតែសំបកក្រៅ តែគ្មានប្រលឹង គ្មានវិញ្ញាណអ្វីទាំងអស់ ។
ប្រហែល ជាសម្អាងទៅលើព្រឹត្តិការណ៍ជាតិ ទៅលើបញ្ហានគរដែលធ្លាប់តែចោទក្នុងអតីតកាល ទៅលើជម្លោះសាសនា ទៅលើការរីកចម្រើនរបស់ព្រះពុទ្ធសាសនា និងទៅលើការពិសោធន៍ផ្ទាល់ខ្លួន ទើបព្រះបាទជ័យវរ្ម័នទី៧ត្រិះគិតពិចារណាយកព្រះពុទ្ធសាសនាមកធ្វើ ជាមូលដ្ឋានសម្រាប់ផ្សព្វផ្សាយអនុវត្តទ្រឹស្ដីរបស់ព្រះអង្គ ។ គឺព្រះអង្គយកទ្រឹស្ដី គោលគំនិតនយោបាយព្រះអង្គដែលចេញពីពុម្ពព្រះពុទ្ធសាសនានឹងអាចក្លាយ ទៅជាពាក្យពិតរបស់ព្រះពុទ្ធដែលប្រជាពលរដ្ឋខ្មែរល្ងង់ខ្លៅត្រូវ តែនាំគ្នាជឿ គោរពបូជា ឥតហ៊ានធ្វេសប្រហែស ។
ម្យ៉ាង វិញទៀត ប្រហែលជាដឹងច្បាស់ថា ប្រជាជនខ្មែរភាគច្រើនកំពុងតែមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា ទើបបានជាព្រះអង្គចាប់យកព្រះពុទ្ធសាសនាមកធ្វើជាឧបករណ៍ នយោបាយ ។ មធ្យោបាយនេះអាចពង្រឹងអំណាចព្រះអង្គផង អាចទទួលនូវការពេញចិត្ត និងគាំទ្រពីសំណាក់ប្រជានុរាស្ត្រផង ។
«ពាក្យពិត» របស់ព្រះពុទ្ធដែលសំខាន់ជាងគេ គឺព្រះពុទ្ធមិនបានឈានចូលនិព្វានទេ ។ ព្រះពោធិសត្វនៅជិតជាប់នឹងយើង ហើយចាប់ជាតិកំណើតមកជាព្រះមហាក្សត្រ ។ ដូច្នេះ ព្រះមហាក្សត្រខ្មែរ តាមទ្រឹស្ដីព្រះបាទជ័យវរ្ម័នទី៧ ជាតួអង្គព្រះពោធិសត្វ ។ ទស្សនៈនេះមានន័យថា ក្នុងរូបព្រះមហាក្សត្រខ្មែរមានស្ដេចផង មានព្រះពុទ្ធផង ដែលយើងអាចដាក់ឈ្មោះថា ពុទ្ធរាជ ។
ទស្សនៈ នេះមិនមែនជាទ្រឹស្ដីថ្មីអ្វីទេ គឺជាទស្សនៈទេវរាជរបស់ព្រះបាទជ័យវរ្ម័នទី២ កែប្រែប៉ុណ្ណោះ ។ ក្នុងទស្សនៈទេវរាជ ព្រះមហាក្សត្រខ្មែរជាតួអង្គព្រះអាទិទេព ហើយលិង្គព្រះសិវៈជាតំណាងដែលគេនាំគ្នាធ្វើសក្ការបូជា ។ ឥឡូវនេះ ព្រះមហាក្សត្រនៅដដែលឥតរើរុះទេ ។ អ្វីដែលត្រូវផ្លាស់ប្ដូរគឺលិង្គព្រះសិវៈដែលត្រូវទុកតំណែងឲ្យ ព្រះពោធិសត្វលោកេស្វរៈ ។
ដើម្បី ជម្រុញព្រះពុទ្ធសាសនា និងទ្រឹស្ដីថ្មី ព្រះបាទជ័យវរ្ម័នទី៧ បានកសាងរូបលោកេស្វរៈសម្រាប់ជាទីសក្ការបូជានៅតាមប្រាសាទធំៗរបស់ ព្រះអង្គ ដូចជា ប្រាសាទបាយ័ន ខ្លោងទ្វារនគរធំ ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ។ល។ គេបានប៉ាន់ស្មានថា រូបលោកេស្វរៈនៅកំពូលកណ្ដាលប្រាសាទបាយ័នជារូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧ ។
ទោះបីជា ព្រះពុទ្ធសាសនាត្រូវព្រះបាទជ័យវរ្ម័នទី៧ យកមកធ្វើជាឧបករណ៍សម្រាប់បម្រើអំណាចផលប្រយោជន៍ផ្ទាល់ព្រះអង្គក៏ ដោយ ក៏យើងអាចចាត់ទុកជាជំហានថ្មីមួយរបស់សង្គមជាតិខ្មែរដែរក្នុង ការរើបង្រះពីអំណាចផ្ដាច់ការស្ដេច និងពីការបែងចែកវណ្ណៈ ។
ជំហាន មួយទៀត គឺព្រះពុទ្ធសាសនាដែលមានមូលដ្ឋានទ្រឹស្ដីស្ថិតនៅលើបុណ្យបាប កម្មពៀរវេរា ទានសន្ដោស មេត្តាធម៌ ។ល។ និង ។ល។ អាចមានឥទ្ធិពលធ្វើឲ្យព្រះមហាក្សត្រខ្មែរជំនាន់ក្រោយគោរពអនុវត្ត ទៅតាមក្រឹត្យក្រមវិន័យ បញ្ញតិរបស់ព្រះអង្គ ដោយយកផលប្រយោជន៍ប្រជាជាតិជាធំ ។ ពីព្រោះព្រះអង្គយល់ និងជឿថា បើគេយកទ្រឹស្ដីក្នុងព្រះពុទ្ធសាសនាមកធ្វើជាមូលដ្ឋានបម្រើជាតិ គេអាចនឹងកសាងបានប្រទេសជាតិមួយយ៉ាងល្អប្រសើរ ។
No comments:
Post a Comment